គណៈកម្មការរដ្ឋសភាប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន
ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ( គណៈកម្មការទី៤ ) និងលោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពាក់ព័ន្ធ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលនឹងត្រូវរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ខាងមុខ។
លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤នៃរដ្ឋសភាបានមានប្រសាសន៍ឱ្យដឹងថា តាមគម្រោង សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួនប្រមាណជាង២៥០នាក់ ដែលមានកិច្ចសហការពីក្រសួងមុខងារសាធារណៈ។ លោកជំទាវបានមានប្រសាសន៍លើកឡើងនូវសំណូមពរមួយចំនួន ស្នើឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាជួយដោះស្រាយ និងសុំឱ្យអង្គភាពពាក់ព័ន្ធរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភារួមសហការគ្នាបំពេញការងារដោយភាពស្វាហាប់និងទទួលខុសត្រូវដើម្បីឱ្យដំណើរការសិក្ខាសាលានាពេលខាងមុខប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។