ក្រសួងការងារទទួលកុំព្យូទ័រចំនួន១៥០គ្រឿងពីក្រសួងប្រៃសណីយ៍ដែលជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថល
ភ្នំពេញ៖ ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលកុំព្យូទ័រចំនួន១៥០គ្រឿងពីឯ.ឧ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។
ថ្លែងក្នុងជំនួបមុននឹងពិធីប្រគល់ និងទទួល ឯ.ឧ រដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពង្រឹង និងពន្លឿនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ឱ្យកាន់តែងាយស្រួល និងប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដែលជាការបម្រើសេវាគាប់ចិត្ត៕