រដ្ឋមន្ត្រីសុខាភិបាលចុះពិនិត្យស្ថានភាពនិងវឌ្ឍនភាពមូលដ្ឋានសុខាភិបាលនៃខេត្តភូមិភាគឦសាន
ភ្នំពេញ៖នៅក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១កក្កដាឆ្នាំ២០២៤ ឯ.ឧ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានដឹកនាំថ្នាក់ដឹកនាំក្រសួងចុះពិនិត្យស្ថានភាពនិងវឌ្ឍនភាពមូលដ្ឋានសុខាភិបាលនៃខេត្តភូមិភាគឦសានរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តត្បូងឃ្មុំដែលជាខេត្តចុងក្រោយនៃដំណើរបេសកកម្ម។
នៅក្នុងឱកាសនោះឯ.ឧ រដ្ឋមន្រ្តី បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តទាំង៥ និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕