ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំវេទិកាពិភាក្សាសារព័ត៌មាន ដោយលើកយកប្រធានបទ «នយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» ក្រោមអធិបតីភាព ឯកឧត្ដម គង់ ភោគ រដ្ធលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
វេទិកាសារព័ត៌មាននេះរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានទីតាំងស្ថិតនៅផ្លូវ សម្តេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុប ៧១នាក់ មកពីស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងសារព័ត៌មានអនឡាញអាជីពចំនួន ៥៣ អង្គភាព/ស្ថាប័ន។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)បានឲ្យដឹងថា វេទិកាពិភាក្សាប្រធានបទខាងលើនេះ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានស្វែងយល់បន្ថែមទៀតអំពីគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា ក្នុងបរិបទអាស៊ាន រួមទាំងព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ាន ដែលជ:ឥទ្ធិពលដល់គោលនយោបាយរបស់កម្ពុជា។
លោក ពុយ គា ចាត់ទុកថា វេទិកាពិភាក្សាលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» ពិតជាមានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងកាន់តែច្បាស់លាស់ពី គោលនយោបាយការបរទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលអ្នកសារព័ត៌មានលើកជាសំណួរផ្សេងៗទាក់ទងនិងគោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ ក្លឹបអ្នកកាសែតកម្ពុជា(ក អ.ក) តែងរៀបចំវេទិកាពិភាក្សានេះឡើង ដោយបានលើកយកនូវប្រធានបទសំខាន់ៗ និងបានអញ្ជើញមន្ត្រីជំនាញតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធចូលរួមកិត្តិយសធ្វើជាវាគ្មិន ដើម្បីផ្តល់ឪកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ឲ្យកាន់តែច្បាស់ក្នុងការសសេរព័ត៌មានចំគោលដៅ និងច្បាស់លាស់ ថែមទាំងផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានលើកជាសំណួរផ្សេងៗផងដែរ។
ដោយឡែកចាប់ពីខែមករា-ខែមិថុនា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) បានរៀបចំវេទិកាពិភាក្សាបានចំនួន ៥លើក ដោយបានសហការជាមួយក្រសួងមួយចំនួនដូចជា៖ ក្រសួងរ៉ែ និងថាមពល , ក្រសួងអធិការកិច្ច , ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , ក្រសួងអភិវឌ្ឍន៍ជនបទ , ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕