ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិលោក ពូទីន អះអាងថា ទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ី កំពុងស្ថិតក្នុងវិបត្ដិធ្ងន់ធ្ងរ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ទំនាក់ទំនងរវាងរុស្ស៊ី និង សហរដ្ឋអាមេរិក កំពុងជួបប្រទះវិបត្តិដ៏ជ្រៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក ពូទីន បានអត្ថាធិប្បាយ អំពីស្ថានភាពនៃទំនាក់​ទំនង​រុស្ស៊ី-អាមេរិក ក្នុង​អំឡុង​ពិធី​មួយ​ដែល​ប្រធានាធិបតី បាន​ទទួល​លិខិត​សរសើរ​ពី​ឯកអគ្គរដ្ឋទូត​ថ្មី​ចំនួន ១៧ នៃ​រដ្ឋ​បរទេស​ ដែល​ទើប​តែងតាំង​ថ្មី​។

លោកប្រធានាធិបតី បានលើកឡើងថា “ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងឆ្លង កាត់វិបត្តិដ៏ជ្រៅមួយ” លោកបន្ដថា វិបត្តិនេះត្រូវបានចាក់ឫស នៅក្នុង “វិធីសាស្រ្តផ្សេងគ្នាជាមូលដ្ឋាន ចំពោះការបង្កើតសណ្តាប់ធ្នាប់ ពិភពលោកទំនើប” ។

លោក ពូទីន បានកត់សម្គាល់ថា សន្តិសុខពិភពលោកពឹងផ្អែកយ៉ាងខ្លាំង ទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយថាទីបំផុតសហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវ ចំពោះវិបត្តិអ៊ុយក្រែន និងការធ្លាក់ចុះនៃទំនាក់ទំនង ទ្វេភាគីជាមួយរុស្ស៊ី។

លោក ពូទីន បានបន្ដថា រុស្ស៊ីគាំទ្រក្នុងការកសាងទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក ប្រសិនបើទាំងនេះឈរលើគោលការណ៍សមភាព ការគោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃ ក្នុងរបស់គ្នាទៅវិញទៅមក។

ប្រធានាធិបតីរុស្ស៊ី បានអត្ថាធិប្បាយបន្ថែមអំពីទំនាក់ទំនងដ៏តានតឹង របស់រុស្ស៊ីជាមួយសហភាពអឺរ៉ុប ។ លោកបានបម្ថែមថា សហភាពអឺរ៉ុប លែងមានគោលបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការធ្វើសមាហរណកម្ម នៅទ្វីបអឺរ៉ុបទៀតហើយ ប៉ុន្តែបច្ចុប្បន្នកំពុងផ្តោតលើ “ការចាប់ផ្តើមការប្រឈមមុខគ្នា ផ្នែកភូមិសាស្ត្រនយោបាយជាមួយរុស្ស៊ី” ។

លោក ពូទីន បានសម្តែងក្តី សង្ឃឹមថា ទីបំផុតវាអាចទៅរួចក្នុងការកសាងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ហើយថា “តក្កវិជ្ជានៃកិច្ចសហប្រតិបត្តិការ ទៅវិញទៅមក” នឹងឈ្នះ៕

 

vcn

Leave a Reply

Your email address will not be published. Required fields are marked *