ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងកូនប្រុស ជួបប្រធានាធិបតីចិន

ប៉េកាំង, ចិន)៖ ក្នុងដំណើរទស្សនកិច្ចថ្ងៃទីពីរនៅប្រទេសចិន នាព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីចិន។ ក្នុងជំនួបនោះ កូនប្រុសរបស់សម្តេចតេជោ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ក៏ទទួលបានការស្វាគមន៍ពីលោកប្រធានាធិបតីចិនផងដែរ។

បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានអមសម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះប្រធានាធិបតីចិន បានស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលជា «មិត្តចាស់» និង ជាភ្ញៀវបរទេសទី ១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុតទៅ និងបានវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន ។

លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបំណងក្នុងការបង្កើតប៉ូលសេដ្ឋកិច្ចទី ៤ ទៅលើប៉ូលសេដ្ឋកិច្ចទាំង៣ ដែលមានស្រាប់ គឺជាប៉ូលសេដ្ឋកិច្ចត្រី និង អង្ករ ដែលគ្របលើខេត្តនៅនីរតីទិសនៅកម្ពុជា ។

បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារហើយនោះ លោកប្រធានាធិបតីចិន ក៏បានរៀបចំអាហារមិត្តភាពកម្រិតខ្ពស់ជូនសម្តេចតេជោ និងគណៈប្រតិភូផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ ក្រៅពីជំនួបជាមួយប្រធានាធិបតីចិនហើយនោះ សម្តេចតេជោ ក៏មានជំនួបជាមួយប្រធានសភា និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាងផងដែរ។

បន្ទាប់ពីជំនួប សម្តេចតេជោ និងលោក លី ខឺឈាង អញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន។ ឯកសារចំនួនប្រមាណ១២ ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ។

ព័ត៌មានលំអិតនៃជំនួបរវាងសម្តេចតេជោ និងលោក ស៊ី ជីនពីង នឹងផ្សាយជូននាពេលក្រោយ៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *