ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជើញបើកពិធីពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង»

(ភ្នំពេញ)៖ ដោយពិនិត្យឃើញថា សិស្ស និស្សិត យុវជន និងប្រជាជនកម្ពុជាយ៉ាងចូលចិត្ត ការអានសៀវភៅ និងសិក្សាស្រាវជ្រាវដើម្បីទទួលបាននូវពុទ្ធិថ្មីៗ ទើបគណៈកម្មការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២២ បានរៀបចំពិពរ័ណ៍សៀវភៅ ក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង»

ពិពរ័ណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងតំណាងក្រសួងអប់់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នាបរិវេណបណ្ណាល័យជាតិកម្ពុជា ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ផ្ដើមនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយចាប់ពីម៉ោង​៧ព្រឹក រហូតដល់ម៉ោង ៧ល្ងាច ដោយចូលរួមទស្សនាឥតគិតថ្លៃ។

តាមរយ:របាយកាណ៍របស់លោក ហុក សុទ្ទិ តំណាង គណៈកម្មការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២២ បានរំលឹកឡើងវិញពីភាពជោគជ័យនៃការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៨ ឆ្នាំ២០១៩ ទទួលបានភ្ញៀវចូលរួមទស្សនារយៈពេល ៣ថ្ងៃ មានចំនួនប្រមាណ ១៨មុឺននាក់ មានស្តង់តាំង លក់សៀវភៅ ១៤០ស្តង់ បើបៀបធៀបកាលពីពិពរ័ណ៍លើកទី១ ឆ្នាំ២០១០ មានអ្នកចូលរួមទស្សនាតែ ១ពាន់នាក់ប៉ុណ្ណោះក្នុងរយៈពេល ៣ថ្ងៃ មានស្តង់ដាក់សៀវភៅតែ ១០ប៉ុណ្ណោះ។ សម្រាប់លើកទី៩នេះ មានចំនួន ១៩៨ស្តង់។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានគណៈកម្មការរៀបចំពិព័រណ៍ បានស្នើដល់ម្ចាស់ស្តង់លក់សៀវភៅទាំងអស់ ជួយបញ្ចុះតំលៃសៀវភៅ ឬក៏ផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីអាចអោយមន្រ្តីពន្ធធនាគារដែលជាបណ្ណារក្ស អាចមានលទ្ធភាពទិញ និងទទួលសៀវភៅបានច្រើន យកទៅអោយអ្នកជាប់ឃុំ បានមើលអានផងដែរ។

តាមរយៈសំណូមពរនេះ លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ បានផ្តល់ជូននូវសៀវភៅចំនួន ៥មុខ ក្នុង១មុខ ៥ក្បាល ដល់មន្ត្រីពន្ធធនាគារផងដែរ។

បន្ទាប់ការឡើងបង្ហាញនូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់ពីអ្នកពាក់ព័ន្ធសំខាន់ៗនៃការរៀបចំពិព័រណ៍រួមមាន មតិលោក ព្រុំ វិទ្យូ តំណាងអគ្គនាយក ថៃហ្គ័របាម លោក ហ្វាប្រ៊ីស អេដែន ទីប្រឹក្សាទី១ ស្ថានទូតបារាំង ប្រចាំកម្ពុជា និងប្រសាសន៍របស់លោកស្រី ទន់ សាអុីម អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡា។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិនេះ តាំងពីចំនួនតិច រហូតកើនឡើងយ៉ាងច្រើននូវអ្នកចូលរួម និងស្តង់សៀវភៅ ដែលជាការបង្ហាញនូវការគាំទ្រ និងការចូលចិត្តរបស់ប្រជាជនកម្ពុជា ក្នុងអានសៀវភៅ ព្រោះសៀវភៅ ជាកន្លែងប្រមូលម្តុំនូវក្បួនខ្នាត ចំណេះដឹង ទស្សនវិស័យ នានាព្រមទាំងសង្គម សាសនា នយោបាយទាំងអស់។ នៅពេលយើងអានសៀវភៅបានកាត់បន្ថយនូវកាត់តានតឹងងក្នុងអារម្មណ៍ ធ្វើឱ្យយើងទទួលបានចំណេះដឹងថ្មីៗ ដ៏សំបូរបែបពីគ្រប់មជ្ឈដ្ឋាន ចេះគិតគួរបានជ្រៅជ្រះគ្រប់ជ្រុងជ្រោយ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានជំរុញលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ គួរមានបណ្ណាល័យនៅតាមផ្ទះនីមួយៗ ដើម្បីអាចឱ្យកូន ចៅ និងខ្លួនយើងផ្ទាល់មានឱកាសអានសៀវភៅបានច្រើន ធ្វើកូនៗចូលចិត្តអានសៀវភៅ ទទួលបានចំណេះដឹងច្រើន ហើយស្គាល់នូវគុណតម្លៃនៃអក្សរសាស្រ្តជាតិខ្មែរយើង។ ការអានសៀវភៅកាន់តែច្រើននឹងធ្វើឱ្យយុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ ចេះគិត ពិចារណា ស្វែងរកខុស ត្រូវមានគុណធម៌ជីវធម៌ក្នុងការរស់នៅ ធ្វើឱ្យសង្គមជាតិមានការអភិវឌ្ឍខ្ពស់។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងថា ឆ្នាំ២០២២ មានកំណើនច្រើនទាំងអ្នកចូលរួម និងស្ដង់ក្នុងព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០២២ ដែលបានបង្ហាញថាបច្ចុប្បន្នប្រជាពលរដ្ឋទូទៅទាំងមនុស្សចាស់ និងយុវវ័យ មានការចាប់អារម្មណ៍ច្រើនទៅលើការអានសៀវភៅ ដើម្បីជាស្ពានក្នុងការបង្កើនចំណេះដឹង។

លោក ខៀវ កាញារីទ្ធ បានរលឹកឡើងវិញពីជំនាន់មុនមិនសូវមានសៀវអាននោះទេ គឺមានតែនៅបណ្ណាល័យជាតិ និងមជ្ឈមណ្ឌលបារាំង ហើយបើចង់អានសៀវភៅផ្សេងៗទៀតត្រូវជួលនៅម្តុំផ្សារចាស់ មាន២កន្លែង។ កាលនោះសម្រាប់សិក្សាស្រាវជ្រាវ និងរៀនសូត្រ មានតម្លៃថ្លៃណាស់ហើយជាសុបិន្តរបស់លោក ខៀវ កាញារីទ្ធ កាលពីជំនាន់នោះថា ថ្ងៃណាមួយប្រទេសខ្មែរយើង នឹងមានសៀវភៅច្រើន បោះពុម្ពស្អាតល្អដូចប្រទេសគេដែរ តែមកដល់ពេលនេះ សុបិន្តបានក្លាយជាការពិតហើយ ព្រោះឥឡូវនេះមានសៀវភៅយ៉ាងច្រើនណាស់ បើបៀបធៀបជំនាន់មុនខុសគ្នារាប់មុឺនដង ហើយរូបភាពសៀវភៅក៏ស្អាតល្អថែមទៀតផង។

ដូច្នេះ ហើយបានធ្វើឱ្យយុវវ័យមានចំណេះដឹងកើនឡើងច្រើនទាំងការចូលចិត្តអានសៀវភៅផ្ទាល់ សៀវភៅតាមប្រព័ន្ធអេឡិចត្រូនិច និងមានការកើនឡើងទាំងកម្រិតភាសាបរទេស ទាំងបច្ចេកវិទ្យាថែមទៀតផង។

បន្ថែមពីនេះលោករដ្ឋមន្រ្តី បានលើកឡើងថា៖ «ឥឡូវនេះ ពិព័រណ៍ មានស្តង់សៀវភៅមាន ១០០ជាងស្ដង់ ដែលធ្វើអស់កន្លែងទទួលដាក់ស្តង់ទៀតហើយគួរតែត្រូវរកកន្លែងថ្មី ព្រោអពីមួយឆ្នាំទៅមួយឆ្នាំកំណើនអ្នកចូល បង្ហាញពីការយកចិត្តទុកដាក់របស់យុវជនក្នុងការអានសៀវភៅ។ ផ្ទុយពីអ្នកខ្លះដែលថាក្មេងឥឡូវមិនចូលចិត្តអាន មិនចូលចិត្តមើលសៀវភៅ គឺខុស។ តាមពិតតាមពិតឥឡូវយើងមិនសឹងតែមិនបាច់បំផុសទេព្រោះក្មេងឥឡូវគាត់ចូលចិត្តអានច្រើនសរសេរច្រើនដែលបានបង្ហាញពីការវិវឌ្ឍន៍របស់សង្គមរបស់យើង»

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ដែលរៀបចំឡើងដោយមានកិច្ចសហការជាមួយចំនួនក្រសួង៣ គឺក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ហើយជាការគាំទ្រសម្រាប់ពិព័រណ៍នេះលោករដ្ឋមន្រ្តី បានឧបត្ថម្ភថវិកា ២ពាន់ដុល្លារ, លោក ឆាយ សុផល ចំនួន ២លានរៀល។
ជាមួយនេះ លោក ខៀវ កាញារីទ្ធ បានផ្តល់ថវិកាដល់ក្រុមក្បាច់គុណខ្មែរល្បុក្កតោ ក្នុងម្នាក់ៗ ២០មុឺនរៀល លោកស្រី ភឿង សកុណា ចំនួន ២០០ដុល្លារផងដែរ៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *