ព័ត៌មានជាតិ

កម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលបឹងទន្លេសាប នៅភូមិសាស្ត្រស្រុកស្ទោង

កំពង់ធំ)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានសហការជាមួយក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកម្លាំងនេះដឹកនាំដោយលោក ចាយ គង់មេង នាយរងខណ្ឌរដ្ឋបាលជលផល និងជាអនុប្រធានក្រុមការងារ។ លោក ចាយ គង់មេង បានថ្លែងថា ប្រជានេសាទនៅតែបន្តនេសាទហួសដែនកំណត់ និងប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ ពុំគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលនោះឡើយ ដូច្នេះហើយទើបលោកបានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចទំនាបខ្វែក ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង។ ការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបលទ្ធផលអនុវត្តបាន១ករណីដោយបានចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទរបាំងសាច់អួនខុសក្រឡា និងលើសប្រវែងនៅនឹងកន្លែង រួមមាន របាំងសាច់អួនចំនួន៤របាំង ប្រវែង១៥០០ម៉ែត្រ លូសាច់អួនចំនួន១១មាត់ ឡុកសាច់អួនចំនួន៧គ្រឿង បង្គោលឈើចំនួន៩៥០ដើម ត្រីចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម។ គួរបញ្ជាក់ថា សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ថ្ងៃនេះប្រចាំការនៅកន្លែង៕