ព័ត៌មានសន្តិសុខសង្គម

សាហាវព្រៃផ្សៃ! ចាប់រំលោភសម្លាប់ ហើយយកម៉ូតូទៅបាត់ទៀត

សាហាវព្រៃផ្សៃ! ចាប់រំលោភសម្លាប់ ហើយយកម៉ូតូទៅបាត់ទៀត កំពត ៖ ករណីឃាតកម្មរំលោភសម្លាប់យ៉ាងព្រៃផ្សៃមួយ បានកើតឡើងនៅភូមិស្រែលាវ (ចំណុចភ្នំព្រាល) ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ អាយុ២៦ឆ្នាំ មានកូនប្រុសម្នាក់ ដោយមុនកើតហេតុ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងប្រហែល៣រសៀល ដោយជនរងគ្រោះ បានជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៩ ក្នុងគោលបំណងទៅផ្លាស់ក្របីនៅវាលស្រែ តែមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញសោះ ហើយក្រុមគ្រួសារជនរងគ្រោះបាត់ដំណឹងក៏មានការសង្ស័យ ក៏បាននាំគ្នាដើររកតែមិនឃើញ។ លុះព្រឹកឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់គាត់ក៏បានដើររកទៀតក៏ប្រទះឃើញសាកសពរបស់ប្រពន្ធស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ចោលប្តីនិងកូនទៅហើយ។ បន្ទាប់មកក៏ផ្អើលឆោឡោឡើង និងបានរាយការណ៍ដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច រួមជាមួយក្រុមគ្រូពេទ្យជំនាញ ក៏បានចុះមកកន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិនិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ គួរបញ្ជាក់ដែរថា ម៉ូតូដែលជនរងគ្រោះជិះមកនោះ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរួចហើយក៏បានយកម៉ូតូនោះជិះគេចខ្លួនទៅបាត់ស្រមោលតែម្តង។ ក្រុមគ្រួសារសព ក៏សុំអំពាវនាវក៏ដូចជាស្នើទៅដល់លោកស្នងការនគរបាលខេត្តកំពត និងមន្រ្តីជំនាញដែលពាក់ព័ន្ធមេត្តាជួយវែកមុខរកឃាតករដៃឆៅសាហាវឃោរឃៅមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារសព៕